1 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។
2 ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្ដិរបស់អ្នកមិនបានគ្រប់លក្ខណ៍នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។
3 ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ
4 ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះក្នុងចំណោមអ្នក មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្ដិសមណាស់។
5 អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌សដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។
6 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
7 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា