3 ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ
4 ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះក្នុងចំណោមអ្នក មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្ដិសមណាស់។
5 អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌សដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។
6 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
7 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា
8 យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្ដិចបន្ដួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។
9 មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។