វិវរណៈ 5:9-14 KCB

9 អ្នក​ទាំង​នោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖​ «ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​ និង​បក​ត្រា​នៅ​លើ​សៀវភៅ​នេះ​ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ ដោយសារ​ឈាម​របស់​ព្រះអង្គ​

10 និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ ហើយ​អ្នក​ទាំង​នោះ​នឹង​សោយរាជ្យ​លើ​ផែនដី»។​

11 នោះ​ខ្ញុំ​ឃើញ​ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក​ សត្វ​មាន​ជីវិត​ និង​ពួក​ចាស់ទុំ​ រីឯ​ចំនួន​ទេវតា​ទាំង​នោះ​មាន​រាប់ពាន់​រាប់ម៉ឺន​

12 នាំគ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង‍ៗ​ថា៖​ «កូនចៀម​ដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួល​អំណាច​ ទ្រព្យសម្បត្ដិ​ ប្រាជ្ញា​ ឥទ្ធិឫទ្ធិ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះពរ»។​

13 នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​ជីវិត​ដែល​បាន​បង្កើត​មក​ដែល​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ នៅ​ក្រោម​ដី​ និង​នៅ​ក្នុង​សមុទ្រ​ ព្រមទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា៖​ «សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​ និង​កូនចៀម​បាន​ប្រកប​ដោយ​ព្រះពរ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះចេស្ដា​រហូត​អស់កល្ប​ជានិច្ច»។​

14 រីឯ​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយ​ថា៖​ «អាម៉ែន!»​ នោះ​ពួក​ចាស់ទុំ​ក៏​ក្រាប​ថ្វាយបង្គំ។​