វិវរណៈ 6:1-7 KCB

1 ពេល​កូនចៀម​បក​ត្រា​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​ នោះ​ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ឮ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ និយាយ​ដូច​ជា​សំឡេង​ផ្គរលាន់​ថា‍៖​ «ចូរ​មក!»​

2 ខ្ញុំ​ក៏​ឃើញ​សេះ​ស​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ធ្នូ​ និង​បាន​ទទួល​មកុដ​មួយ​ រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ ដើម្បី​យក​ឈ្នះ។​

3 ពេល​កូនចៀម​បក​ត្រា​ទីពីរ​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីពីរ​និយាយ​ថា៖​ «ចូរ​មក!»​

4 នោះ​មាន​សេះ​មួយ​ទៀត​មក​ មាន​សម្បុរ​ក្រហម​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​បាន​ទទួល​អំណាច​ដក​យក​សេចក្ដី​សុខសាន្ដ​ចេញ​ពី​ផែនដី​ និង​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។​

5 ពេល​កូនចៀម​បក​ត្រា​ទីបី​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីបី​និយាយ​ថា៖​ «ចូរ​មក!»​ ខ្ញុំ​ក៏​ឃើញ​សេះ​ខ្មៅ​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ជញ្ជីង​មួយ​នៅ​ក្នុង​ដៃ​

6 ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំដៅ​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ថា៖​ «ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ ប៉ុន្ដែ​កុំ​ធ្វើ​ឲ្យ​ប្រេង​ និង​ស្រា​ទំពាំងបាយជូ​ខូច​ឡើយ!»។​

7 ពេល​កូនចៀម​បក​ត្រា​ទីបួន​ នោះ​ខ្ញុំ​បាន‍​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖​ «ចូរ​មក!»​