វិវរណៈ 9:6-12 KCB

6 នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​

7 កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

8 ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្ដី​ ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ​

9 ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​

10 ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​

11 ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​

12 សេចក្ដី​វេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​ មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាម​ក្រោយ​ហេតុការណ៍​ទាំង​នេះ។​