ហេព្រើរ 1:8-14 KCB

8 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​អំពីព្រះ​រាជ​បុត្រា​ថា៖​ «ឱ​ព្រះជាម្ចាស់​អើយ!​ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ដំបង​រាជ្យ​នៃ​នគរ​របស់​ព្រះអង្គ​ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​សុចរិត។​

9 ព្រះអង្គ​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​សេចក្ដី​ទុច្ចរិត​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ​បាន​ចាក់​ប្រេងតាំង​ជា​ប្រេង​នៃ​សេចក្ដី​អំណរ​លើ​ព្រះអង្គ​ លើស​ជាង​គូកន​របស់​ព្រះអង្គ​ទៅ​ទៀត»​

10 ហើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ កាល​ដើម​ដំបូង​ ព្រះអង្គ​បាន​បង្កើត​ផែនដី​ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ​

11 របស់​ទាំង​នោះ​នឹង​សាប​សូន្យ​ទៅ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​ជានិច្ច។​ របស់​ទាំងអស់​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក​បំពាក់​

12 ហើយ​ព្រះអង្គ​នឹង​ឆ្មូល​របស់​ទាំង​នោះ​ដូចជា​ឆ្មូល​សម្លៀក​បំពាក់​ របស់​ទាំងនោះ​នឹង​ប្រែប្រួល​ទៅ​ដូចជា​សម្លៀក​បំពាក់‍​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ដដែល​ ព្រះជន្ម​របស់​ព្រះអង្គ​មិន​ផុត​ឡើយ»។​

13 តើ​ព្រះអង្គ​ធ្លាប់​មាន​បន្ទូលទៅ​កាន់​ទេវតា​ណា​ដែរ​ឬ​ទេ​ ថា៖​ «ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក»?​

14 តើ​ពួក​ទេវតា​ទាំង​អស់​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ​ ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ទុក​ជា​មរតក​ទេ​ឬ?​