ហេព្រើរ 11:2-8 KCB

2 មនុស្ស​ជំនាន់​មុន​បាន​ទទួល​ការ​សរសើរ​ដោយសារ​ជំនឿ​នេះ​ឯង។​

3 ដោយសារ​ជំនឿ​ យើង​យល់​ថា​ ពិភពលោក​នេះ​កើត​មក​ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដូច្នេះ​អ្វីៗ​ទាំងឡាយ​ដែល​មើល​ឃើញ​ កើត​មក​ពី​អ្វីៗ​ដែល​មើល​មិន​ឃើញ។​

4 ដោយសារ​ជំនឿ​ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ ហើយ​ដោយសារ​ជំនឿ​ ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ ហើយ​ដោយសារ​ជំនឿ​ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​និយាយ។​

5 ដោយ​សារ​ជំនឿ​ លោក​ហេណុក​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌​ មិន​ឲ្យ​ជួប​សេចក្ដី​ស្លាប់​ឡើយ​ គាត់​បាន​បាត់​ខ្លួន​ ពី​ព្រោះ​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ ប៉ុន្ដែ​មុន​ពេល​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ គាត់​បាន​ទទួល​ការ​សរសើរ​ថា​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់​

6 ប៉ុន្ដែ​បើ​គ្មាន​ជំនឿ​ទេ​ នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ឡើយ​ ព្រោះ​អ្នកណា​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់​ អ្នក​នោះ​ត្រូវ​តែ​ជឿ​ថា​ពិតជា​មាន​ព្រះ​ជាម្ចាស់​ ហើយ​ព្រះអង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។​

7 ដោយសារ​ជំនឿ​ ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ ហើយ​ដោយសារ​ជំនឿ​នេះ​ឯង​ គាត់​បាន​ដាក់​ទោស​ពិភពលោក​ និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។​

8 ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​ ពេល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ ដែល​គាត់​ត្រូវ​ទទួល​ទុក​ជា​មរតក​ ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។​