32 តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ
33 ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ
34 បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។
35 រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង
36 ហើយអ្នកខ្លះទៀតធ្លាប់ត្រូវគេចំអក ត្រូវគេវាយនឹងរំពាត់ ថែមទាំងត្រូវជាប់គុកជាប់ច្រវាក់
37 ត្រូវគេគប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាកំណាត់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើរពនេចរដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ មានសេចក្ដីខ្វះខាត ត្រូវរងទុក្ខវេទនា ព្រមទាំងត្រូវគេធ្វើបាប
38 ហើយពិភពលោកនេះមិនស័ក្តិសមនឹងពួកគេទេ។ ពួកគេរសាត់អណ្ដែតតាមទីរហោឋាន តាមភ្នំ តាមរអាង និងតាមរូងដី។