23 មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ
24 មានព្រះយេស៊ូដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ហើយមានឈាមដែលបានប្រោះ គឺជាឈាមដែលបានប្រកាសអំពីសេចក្ដីប្រសើរជាងឈាមរបស់លោកអេបិល។
25 ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្ដាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។
26 សំឡេងរបស់ព្រះអង្គនៅពេលនោះបានធ្វើឲ្យផែនដីកក្រើក ប៉ុន្ដែឥឡូវនេះ ព្រះអង្គបានសន្យាថា៖ «យើងនឹងធ្វើឲ្យកក្រើកម្ដងទៀត គឺមិនត្រឹមតែផែនដីប៉ុណ្ណោះទេ ផ្ទៃមេឃក៏កក្រើកដែរ»។
27 ពាក្យថា ម្ដងទៀត បានបញ្ជាក់ថា អ្វីៗដែលកក្រើកនឹងត្រូវរើចេញ គឺជាអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកនឹងនៅស្ថិតស្ថេរ។
28 ដូច្នេះ ដោយព្រោះយើងបានទទួលនគរមួយដែលមិនកក្រើក នោះយើងត្រូវដឹងគុណ ទាំងបម្រើព្រះជាម្ចាស់ឲ្យសព្វព្រះហឫទ័យព្រះអង្គ ដោយចិត្ដគោរពកោតខ្លាច
29 ដ្បិតព្រះជាម្ចាស់របស់យើងជាភ្លើងដែលឆេះបំផ្លាញ។