ហេព្រើរ 4:2-8 KCB

2 ដ្បិត​ដំណឹង​ល្អ​ដែល​យើង​បាន‍​ឮ​នោះ​ ក៏ជា​ដំណឹង​ល្អ​ដែល​ពួកគេ​បាន‍​ឮ​ដែរ​ ប៉ុន្ដែ​ព្រះបន្ទូល​ដែល​ពួកគេ​ឮ​ គ្មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេ​ ព្រោះ​ព្រះបន្ទូល​ដែល​ពួកគេ​បាន​ឮ​នោះ​ មិន​បាន​ជ្រួតជ្រាប​ទៅ​ក្នុង​ពួកគេ​ដោយ​ជំនឿ​ទេ។​

3 រីឯ​យើង​ដែល​ជា​អ្នក​ជឿ​នឹង​បាន​ចូល​ក្នុង​ការ​សម្រាក​នោះ​ ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖​ «យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។​ ទោះ​ជា​យ៉ាង​ណា​ កិច្ចការ​ទាំងឡាយ​បាន​សម្រេច​តាំង​ពីដើម​កំណើត​ពិភពលោក​មក​ហើយ។​

4 ដ្បិត​មាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ព្រះ​ជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ»​

5 ហើយ​មាន​បន្ទូល​នៅ​កន្លែង​នេះ​ទៀត​ថា៖​ «ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។​

6 ដូច្នេះ​ហើយ​ នៅ​តែ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះបាន​ ប៉ុន្ដែ​ពួកអ្នក​ដែល​ឮ​ដំណឹង​ល្អ​កាល​ពី​មុន​មិន​បាន​ចូល​ដោយ​ព្រោះ​ការ​មិន​ស្ដាប់បង្គាប់​

7 នោះ​ព្រះអង្គ​ក៏​កំណត់​ថ្ងៃ​មួយ​ទៀត​ទុក​ គឺ​ថ្ងៃ​នេះ ​ដោយ​បាន​មាន​បន្ទូល​តាមរយៈ​ស្ដេច​ដាវីឌ​ជា​យូរ​ក្រោយ​មក​ទៀត​ ដូច​ដែល​បាន​មាន​បន្ទូល​កាល​ពី​មុន​ថា៖​ «នៅ​ថ្ងៃ​នេះ​ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស»។​

8 ដ្បិត​បើ​លោក​យ៉ូស្វេ​ឲ្យពួកគេ​បាន​សម្រាក​មែន នោះ​ព្រះអង្គ​មិន​មាន​បន្ទូល​អំពី​ថ្ងៃ​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​ឡើយ​