ហេព្រើរ 4:6-12 KCB

6 ដូច្នេះ​ហើយ​ នៅ​តែ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះបាន​ ប៉ុន្ដែ​ពួកអ្នក​ដែល​ឮ​ដំណឹង​ល្អ​កាល​ពី​មុន​មិន​បាន​ចូល​ដោយ​ព្រោះ​ការ​មិន​ស្ដាប់បង្គាប់​

7 នោះ​ព្រះអង្គ​ក៏​កំណត់​ថ្ងៃ​មួយ​ទៀត​ទុក​ គឺ​ថ្ងៃ​នេះ ​ដោយ​បាន​មាន​បន្ទូល​តាមរយៈ​ស្ដេច​ដាវីឌ​ជា​យូរ​ក្រោយ​មក​ទៀត​ ដូច​ដែល​បាន​មាន​បន្ទូល​កាល​ពី​មុន​ថា៖​ «នៅ​ថ្ងៃ​នេះ​ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស»។​

8 ដ្បិត​បើ​លោក​យ៉ូស្វេ​ឲ្យពួកគេ​បាន​សម្រាក​មែន នោះ​ព្រះអង្គ​មិន​មាន​បន្ទូល​អំពី​ថ្ងៃ​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​ឡើយ​

9 ដូច្នេះ​ហើយ​ នៅ​តែ​មាន​ការ​សម្រាក​ទុក​សម្រាប់​រាស្ដ្រ​របស់​ព្រះអង្គ។​

10 ដ្បិត​អ្នកណា​ដែល​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ អ្នក​នោះ​ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ ដូច​ដែល​ព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ។​

11 ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​

12 ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​ មាន​អំណាច​ ហើយ​មុត​ជាង​ដាវ​មុខ​ពីរ​ដែល​ចាក់​ទម្លុះ​រហូត​ដល់​កាត់​ព្រលឹង​ និង​វិញ្ញាណ​ ព្រមទាំង​សន្លាក់​ឆ្អឹង​ និង​ខួរ​ឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ រួច​វិនិច្ឆ័យ​ទាំង​គំនិត​ និង​បំណង​ចិត្ត​ទៀត​ផង‍។​