ហេព្រើរ 5:7-13 KCB

7 កាល​ព្រះយេស៊ូ​គង់​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ​ ព្រះអង្គ​បាន​ថ្វាយ​ការ​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ដោយ​សំឡេង​ខ្លាំងៗ​ ទាំង​ទឹកភ្នែក​ដល់​ព្រះជាម្ចាស់​ ដែល​អាច​សង្រ្គោះ​ព្រះអង្គ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​ ហើយ​ដោយ​ព្រោះ​ការ​គោរព​កោតខ្លាច​របស់​ព្រះអង្គ​ នោះ​ព្រះជាម្ចាស់​ក៏​ឆ្លើយ​តប​នឹង​ព្រះអង្គ។​

8 ទោះបី​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ​ ក៏​ព្រះអង្គ​រៀន​ស្ដាប់បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​ដែរ។​

9 បន្ទាប់​ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ​ ព្រះអង្គ​ក៏​ត្រលប់​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​

10 ហើយ​ព្រះជាម្ចាស់​បាន​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក។​

11 យើង​មាន​សេចក្ដី​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ការ​នេះ​ ប៉ុន្ដែ​ពិបាក​ពន្យល់​ណាស់​ ព្រោះ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ស្ដាប់។​

12 ដ្បិត​មក​ដល់​ពេល​នេះ​ អ្នក​រាល់គ្នា​គួរ​តែ​ធ្វើ​ជា​គ្រូ​ហើយ​ ក៏​ប៉ុន្ដែអ្នក​រាល់គ្នាបែរ​ជា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​គោល​ការណ៍​បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ម្ដងទៀត​ គឺ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ​ទៅ​វិញ​ មិន​មែន​អាហារ​រឹង​ទេ​

13 ដ្បិត​អ្នកណា​ដែល​ត្រូវការ​ទឹកដោះ​ អ្នក​នោះ​ល្ងង់​ខាង​ឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិត​ ពីព្រោះ​អ្នក​នោះ​នៅ​ជា​ទារក​នៅ​ឡើយ​