ហេព្រើរ 7:1-5 KCB

1 ដ្បិត​លោក​ម៉ិលគីស្សាដែក​នេះ​ជា​ស្ដេច​ក្រុង​សាឡិម​ និង​ជា​សង្ឃ​របស់​ព្រះ​ជាម្ចាស់​ដ៏​ខ្ពស់​បំផុត​ គាត់​បាន​ជួប​លោក​អ័ប្រាហាំ​ដែល​បាន​វិល​ត្រលប់​មក​ពី​វាយ​កម្ទេច​ស្ដេច​នានា​ ហើយ​គាត់​បាន​ឲ្យពរ​ដល់​លោក​អ័ប្រាហាំ​

2 រីឯ​លោក​អ័ប្រាហាំ​ក៏​យក​មួយ​ភាគ​ដប់​ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិលគីស្សាដែក​ដែរ។​ មុន​ដំបូង​គេ​ហៅ​នាម​ស្ដេច​អង្គ​នេះថា​ ស្ដេច​នៃ​សេចក្ដី​សុចរិត​ ហើយ​ក្រោយ​មក​គេ​ក៏​ហៅ​ថា​ ស្ដេច​ក្រុង​សាឡិម​ដែរ​ ដែល​មាន​ន័យ​ថា​ ស្ដេច​នៃ​សេចក្ដី​សុខ​សាន្ត។​

3 គាត់​គ្មាន​ឪពុក​ម្ដាយ​ គ្មាន​ពង្សាវតារ​ គ្មាន​ថ្ងៃ​កើត​ ឬ​ថ្ងៃ​ស្លាប់​ឡើយ​ គឺ​គាត់​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ នៅ​ជា​សង្ឃ​រៀង​រហូត​ទៅ។​

4 ពិចារណា​មើល​ចុះ​ លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ បាន​ជា​សូម្បី​តែ​លោក​អ័ប្រាហាំ​ជា​បុព្វបុរស​របស់​យើង​ ក៏​យក​មួយ​ភាគ​ដប់​ពី​ជ័យ​ភណ្ឌ​មក​ជូន​គាត់​ដូច្នេះ។​

5 រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរ​វិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​ គឺ​ពី​បងប្អូន​របស់​ពួកគេ​ ទោះបី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏​ដោយ។​