ហេព្រើរ 9:12-18 KCB

12 ព្រះអង្គ​មិនបាន​យក​ឈាម​ពពែ​ឈ្មោល​ ឬ​ឈាម​កូន​គោ​ទេ​ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏អស់​កល្ប​ជានិច្ច។​

13 ដ្បិត​បើ​ឈាម​គោ​ឈ្មោល​ ឈាម​ពពែ​ឈ្មោល​ និង​ផេះ​គោ​ក្រមុំ​ ដែល​គេ​ប្រោះ​លើ​ពួកអ្នក​ស្មោកគ្រោក​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​សាច់ឈាម​ជ្រះ​ស្អាត​ទៅ​ហើយ​

14 នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​

15 ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មុន។​

16 ដ្បិត​ទី​ណា​មាន​បណ្ដាំ​មរតក​ ទី​នោះ​ត្រូវ​តែ​មាន​សេចក្ដី​បញ្ជាក់​ថា​ អ្នក​ដែល​សរសេរ​បណ្ដាំបាន​ស្លាប់​ហើយ​

17 ដ្បិត​បណ្ដាំមរតក​អាច​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​អ្នក​សរសេរ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​អ្នក​សរសេរ​នៅ​រស់នៅ​ឡើយ​ បណ្ដាំ​នោះ​មិន​អាច​យក​ជា​ការ​បាន​ទេ​

18 ដូច្នេះ​ហើយ​ កិច្ច​ព្រមព្រៀង​មុន​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ​ បើ​គ្មាន​ឈាម‍។​