ហេព្រើរ 9:19-25 KCB

19 ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​រួច​ហើយ​ គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​ និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​ឈាម​កូន​គោ​ ឈាម​ពពែ​ និង​ទឹក​ ហើយ​ប្រោះ​លើ​គម្ពីរ​ និង​ប្រជាជន​ទាំង​អស់​

20 ទាំង​និយាយ​ថា​ នេះ​ជា​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​អ្នក​រាល់គ្នា។​

21 បន្ទាប់​មក​ គាត់​ក៏​ប្រោះ​ឈាម​បែប​ដូច្នោះ​ដែរ​ ទៅ​លើ​រោង​ និង​ទៅលើ​ឧបករណ៍​ទាំង​អស់​សម្រាប់​ការ​បម្រើ។​

22 ស្របតាម​គម្ពីរ​វិន័យ​ អ្វីៗ​ស្ទើរតែ​ទាំង​អស់​បាន​ស្អាត​ដោយសារ​ឈាម​ ហើយ​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ​ នោះ​ក៏​គ្មាន​ការ​លើកលែង​ទោស​ដែរ។​

23 ដូច្នេះ​ ចាំបាច់​ត្រូវ​ឲ្យគំរូ​នៃ​អ្វីៗ​ ដែល​នៅ​ស្ថានសួគ៌​មាន​ការ​សំអាត​ដោយ​ពិធី​ទាំង​នេះ​ ប៉ុន្ដែ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​នោះ​ត្រូវ​សំអាត​ដោយ​យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង​នេះ​

24 ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​

25 ព្រះអង្គ​មិន​បាន​ថ្វាយ​អង្គ​ទ្រង់​ជា​ច្រើន​លើក​ ដូច​ជា​សម្ដេច​សង្ឃ​ដែល​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ជា​រៀង​រាល់​ឆ្នាំ​ដោយ​យក​ឈាម​ដែល​មិន​មែន​ជា​របស់​ខ្លួន​ឯង​នោះ​ឡើយ​