១ ថែស្សាឡូនីច 2:10-16 KCB

10 អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​

11 អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន​

12 គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​

13 យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​

14 បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នក​រាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី‍​ជន​រួម​ជាតិ​របស់​ខ្លួន​ដូច​ដែល​ក្រុមជំនុំ​ទាំង​នោះ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​

15 ពួកគេ​បាន​សម្លាប់​ព្រះអម្ចាស់​យេស៊ូ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​បៀតបៀន​យើង​ទៀត​ផង។​ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ទេ​ ហើយ​ទាស់​នឹង​មនុស្ស​ទាំង​អស់​

16 ពួកគេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃ​ទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ពួកគេ​ធ្វើ​ដូច្នេះ​ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​នៅ​ទីបំផុត​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។​