១ ថែស្សាឡូនីច 3:5-11 KCB

5 ដោយ​ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន​ ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​ឲ្យ​មក​ ដើម្បី​ឲ្យ​ដឹង​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​អ្នក​រាល់គ្នា​ តាម​របៀប​ណា​មួយ​ ដែល​នាំ​ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ត្រលប់​ជា​ឥត​ប្រយោជន៍។​

6 ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​

7 ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​

8 ដ្បិត​ឥឡូវ​នេះ​យើង​រស់​ បើ​សិន​អ្នក​រាល់គ្នា​ឈរ​មាំមួន​នៅ​ក្នុង​ព្រះអម្ចាស់។​

9 តើ​យើង​អាច​អរព្រះគុណ​ព្រះជាម្ចាស់​ដូច​ម្ដេច​អំពី​អ្នក​រាល់គ្នា​ សម្រាប់​គ្រប់​ទាំង​អំណរ​ដែល​យើង​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង?​

10 យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​

11 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​ បើក​ផ្លូវ​ឲ្យ​យើង​បាន​មក​ជួប​អ្នក​រាល់គ្នា។​