10 មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ
11 ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
12 ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ
13 ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
14 ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
15 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
16 ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។