1 ដូច្នេះ ខ្ញុំសូមដាស់តឿនជាដំបូងថា ចូរទូលសុំ អធិស្ឋាន ហើយទូលអង្វរ ព្រមទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់
2 គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅបានសុខសាន្ដ ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង
3 ដ្បិតនេះជាការល្អ ហើយសព្វព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង
4 ដែលព្រះអង្គចង់ឲ្យមនុស្សទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ និងស្គាល់សេចក្ដីពិត
5 ដ្បិតមានព្រះជាម្ចាស់តែមួយ ហើយមានអ្នកសម្រុះសម្រួលតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស
6 ព្រះអង្គបានប្រគល់អង្គទ្រង់ទុកជាថ្លៃលោះសម្រាប់មនុស្សទាំងអស់ គឺជាសេចក្ដីបន្ទាល់ដែលប្រទានមកនៅពេលកំណត់។
7 ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និងជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។
8 ដូច្នេះខ្ញុំចង់ឲ្យប្រុសៗអធិស្ឋាន ទាំងលើកដៃបរិសុទ្ធឡើងនៅគ្រប់ទីកន្លែង ដោយគ្មានកំហឹង ឬប្រកែកគ្នាឡើយ
9 រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតុបតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ សុភាពរាបសា មិនឆើតឆាយ ហើយមិនមែនដោយក្រងសក់ ពាក់មាស ពាក់គជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ
10 ផ្ទុយទៅវិញ ត្រូវតុបតែងខ្លួនដោយអំពើល្អឲ្យសមជាស្រ្ដីដែលប្រកាសខ្លួនថាជាអ្នកកោតខ្លាចព្រះជាម្ចាស់។
11 ត្រូវឲ្យស្រីៗរៀនដោយស្ងៀមស្ងាត់ និងចុះចូលទាំងស្រុង។
12 ខ្ញុំមិនអនុញ្ញាតឲ្យស្រ្ដីណាបង្រៀន ឬមានសិទ្ធិអំណាចលើបុរសឡើយ គឺឲ្យនាងនៅស្ងៀមស្ងាត់វិញ
13 ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមុន រួចទើបបង្កើតនាងអេវ៉ា
14 ហើយមិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្រ្ដីទេដែលចាញ់បញ្ឆោតនោះ ហើយបានប្រព្រឹត្ដល្មើស
15 ប៉ុន្ដែបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានអត្ដចរិតត្រឹមត្រូវ នោះនាងនឹងបានសង្គ្រោះនៅពេលដែលនាងសម្រាលកូន។