13 ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
14 ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
15 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
16 ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។
17 សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
18 ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ
19 និងដើម្បីឲ្យអ្នករក្សាជំនឿ និងមនសិការល្អ ដ្បិតអ្នកខ្លះបានបោះបង់ចោលសេចក្ដីទាំងនេះដែលបណ្ដាលឲ្យជំនឿរបស់ពួកគេលិចលង់។