1 ចូរឲ្យអស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើចាត់ទុកចៅហ្វាយខ្លួនថាជាអ្នកដែលស័ក្ដិសមទទួលកិត្ដិយសគ្រប់បែបយ៉ាង ដើម្បីកុំឲ្យគេប្រមាថព្រះនាម និងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ឡើយ។
2 អ្នកណាដែលមានចៅហ្វាយជាអ្នកជឿ អ្នកនោះមិនត្រូវបង្ហាញការមិនគោរពចៅហ្វាយនោះដោយព្រោះតែជាបងប្អូននឹងគ្នាឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយនោះឲ្យកាន់តែប្រសើរ ដោយព្រោះអ្នកដែលទទួលផលប្រយោជន៍ពីការបម្រើដ៏ល្អនោះជាអ្នកជឿ ហើយជាអ្នកជាទីស្រឡាញ់ទៀតផង។ ចូរបង្រៀន និងដាស់តឿនគេអំពីសេចក្ដីទាំងនេះចុះ។
3 បើអ្នកណាបង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងសេចក្ដីបង្រៀនអំពីការគោរពកោតខ្លាចព្រះជាម្ចាស់
4 អ្នកនោះកើតមានចិត្ដធំហើយ គេមិនយល់អ្វីទាំងអស់ គឺវក់តែនឹងការសួរដេញដោលគ្នា ហើយប្រកែកគ្នាអំពីពាក្យដែលនាំឲ្យមានការឈ្នានីស ការបាក់បែក ការជេរប្រមាថ ការសង្ស័យដ៏អាក្រក់
5 និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ