17 ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ
18 ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង
19 ឲ្យពួកគេសន្សំទ្រព្យដែលជាគ្រឹះដ៏ល្អទុកសម្រាប់ខ្លួននាពេលអនាគត ដើម្បីឈោងចាប់ជីវិតដ៏ពិតប្រាកដ។
20 ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង
21 ទាំងមានអ្នកខ្លះប្រកាសអំពីចំណេះបែបនេះ ហើយវង្វេងចេញពីជំនឿ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។