១ យ៉ូហាន 4:13-19 KCB

13 ដោយ​របៀប​នេះ​យើង​ដឹង​ថា​ យើង​នៅ​ជាប់​នឹង​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​នៅ​ជាប់​នឹង​យើង​ដែរ​ ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដល់​យើង​

14 ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា​ ព្រះវរបិតា​បាន​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក​

15 អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

16 យើង​បាន​ស្គាល់​ ព្រមទាំង​បាន​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​ដល់​យើង‍។​ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​ រីឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​ អ្នក​នោះ​ក៏​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ​

17 ដោយ​របៀប​នេះ​ សេចក្ដី​ស្រឡាញ់​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​យើង​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំជម្រះ​ ដ្បិត​ដែល​ព្រះអង្គ​ជា​យ៉ាង​ណា​ យើង​ក៏​ដូច​ជា​ព្រះអង្គ​ដែរ​នៅ​ក្នុង​លោកិយ​នេះ។​

18 នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ឡើយ​ ដ្បិត​សេចក្ដី​ស្រឡាញ់​ដែល​គ្រប់​លក្ខណ៍​កម្ចាត់​សេចក្ដី​ភ័យ​ខ្លាច​ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​ជាប់​មាន​ការ​ដាក់​ទោស​ ដូច្នេះ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច​ អ្នក​នោះ​មិន​ទាន់​គ្រប់​លក្ខណ៍​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ទេ។​

19 រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​