12 អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។
13 ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។
14 នេះជាសេចក្ដីក្លាហានដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងសូមអ្វីតាមបំណងរបស់ព្រះអង្គ នោះព្រះអង្គនឹងស្ដាប់យើង។
15 បើយើងដឹងថា ព្រះអង្គស្ដាប់យើងគ្រប់អ្វីដែលយើងសូម នោះយើងក៏ដឹងដែរថា យើងបានអ្វីដែលយើងសូមពីព្រះអង្គហើយ។
16 បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។
17 គ្រប់ទាំងអំពើទុច្ចរិតជាបាប ហើយក៏មានបាប ដែលមិនបណ្ដាលឲ្យស្លាប់ដែរ។
18 យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។