២ ពេត្រុស 1:10-16 KCB

10 ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​មាន​ចិត្ដ​សង្វាត​ ដើម្បី​ធ្វើ​ឲ្យការ​ត្រាស់​ហៅ​ និង​ការ​ជ្រើសរើស​របស់​អ្នក​រាល់គ្នា​ប្រាកដ​ប្រជា​ ដ្បិត​បើ​ប្រព្រឹត្ដ​សេចក្ដី​ទាំង​នេះ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ជំពប់​ដួល​សោះ​ឡើយ​

11 ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​

12 ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​

13 ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ត្រូវ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​

14 ដោយ​ដឹង​ថា​ ខ្ញុំ​នឹង​ដោះ​រោង​នេះ​ចេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូច​ដែល​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​

15 ខ្ញុំ​នឹង​ខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​លោក​នេះ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។​

16 ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​