២ ពេត្រុស 2:11-17 KCB

11 ទោះបី​ពួក​ទេវតា​ដែល​មាន​កម្លាំង​ និង​អំណាច​ធំ​ជាង​ពួកគេ​ក៏​ដោយ​ ក៏​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។​

12 ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​

13 ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​

14 ពួកគេ​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិត​ក្បត់​ ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ ជា​កូន​ត្រូវ​បណ្ដាសារ។​

15 ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​

16 ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​

17 មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​