1 នេះជាព្រឹត្តិការណ៍ ដែលកើតមាននៅជំនាន់ព្រះចៅអហាស៊ូរុស។ ព្រះចៅអហាស៊ូរុសគ្រប់គ្រងលើអាណាខេត្តចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។
2 នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។
3 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។
4 ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។
5 នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។