11 ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។
12 ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។
13 ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។
14 អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។
15 ព្រះចៅអហាស៊ូរុសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
16 លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅអហាស៊ូរុសដែរ
17 ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។