13 ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។
14 អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។
15 ព្រះចៅអហាស៊ូរុសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
16 លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅអហាស៊ូរុសដែរ
17 ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។
18 ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិមេឌី ឮដំណឹងថា ព្រះមហាក្សត្រិយានីមិនស្ដាប់បង្គាប់ព្រះករុណា ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។
19 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។