2 នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។
3 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។
4 ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។
5 នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
6 គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកំរាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។
7 គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។
8 ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។