នាង​អេសធើរ 2:1-6 KHSV

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ចៅ​អហា‌ស៊ូរុស​ស្ងប់​ព្រះ‌ពិរោធ ស្ដេច​នឹក​ដល់​ព្រះ‌នាង​វ៉ាស‌ធី និង​អំពើ​ដែល​ព្រះ‌នាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សម្រេច​របស់​ស្ដេច​ចំពោះ​ព្រះ‌នាង។

2 ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះ‌ករុណា។

3 សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។

4 ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី»។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ ហើយ​សម្រេច​តាម​សំណើ​នេះ។

5 នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

6 លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។