14 នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។
15 លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
16 គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។
17 ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។
18 ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
19 នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
20 មកទល់ពេលនោះ ព្រះនាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។