3 សូមព្រះករុណាចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។
4 ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។
5 នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
6 លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹម ជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្ដេចស្រុកយូដា។
7 នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។
8 នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។
9 លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសំអាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។