1 ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
2 ព្រះរាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
3 ពួករាជបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។
4 ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។
5 ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។
6 មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
7 នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកណាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។