នាង​អេសធើរ 3:5-11 KHSV

5 ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។

6 មាន​គេ​ជម្រាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេ‌កាយ​ជា​ជន‌ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កំចាត់​លោក​ម៉ាដេ‌កាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន‌ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេ‌កាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ព្រះចៅ​អហា‌ស៊ូរុស។

7 នៅ​ខែ​ទី​មួយ គឺ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អហា‌ស៊ូរុស គេ​បាន​បោះ​ពួរីម*​នៅ​ចំពោះ​មុខ​លោក​ណាម៉ាន ដើម្បី​ផ្សង​មើល​ថា តើ​ថ្ងៃ​ណា ខែ​ណា ជា​វេលា​ល្អ។ ពួរីម​នោះ​ប៉ះ​ចំ​លើ​ខែ​ទី​ដប់‌ពីរ ឬ​ខែ​ផល្គុន។

8 លោក​ហាម៉ាន​ទូល​ព្រះចៅ​អហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះ‌ករុណា​ទេ។ ហេតុ​នេះ មិន​គួរ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។

9 ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​បញ្ជា ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ទូលបង្គំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន ឲ្យ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។

10 ព្រះ‌រាជា​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។

11 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។