3 នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
4 ពួកស្ត្រីបម្រើ និងមហាតលិករបស់ព្រះនាងអេសធើរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។
5 ពេលនោះ ព្រះនាងអេសធើរបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកនៅបម្រើព្រះនាង។ ព្រះនាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យលោកធ្វើបែបនេះ។
6 លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។
7 លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។
8 លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។
9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។