នាង​អេសធើរ 4:5-11 KHSV

5 ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។

6 លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេ‌កាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។

7 លោក​ម៉ាដេ‌កាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន‌ជាតិ​យូដា។

8 លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។

9 លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេ‌កាយ ទៅ​ទូល​ព្រះ‌នាង​អេសធើរ។

10 ព្រះ‌នាង​ប្រាប់​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​វិញ​ថា៖

11 «ពួក​រាជ​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។