7 លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។
8 លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។
9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។
10 ព្រះនាងប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖
11 «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្ដេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់ អស់រយៈពេលមួយខែមកហើយ»។
12 គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធើរ ទៅជម្រាបលោកម៉ាដេកាយ។
13 លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។