5 ព្រះរាជាចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើរ។ បន្ទាប់មក ព្រះរាជា និងលោកហាម៉ាន ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំ។
6 ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។
7 ព្រះនាងអេសធើរទូលស្ដេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ?
8 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណាអំពីសំណូមពររបស់ខ្ញុំម្ចាស់»។
9 ថ្ងៃនោះ លោកហាម៉ានចាកចេញទៅ ដោយមានចិត្តត្រេកអរសប្បាយ រកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។
10 លោកទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
11 លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។