7 ព្រះនាងអេសធើរទូលស្ដេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ?
8 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណាអំពីសំណូមពររបស់ខ្ញុំម្ចាស់»។
9 ថ្ងៃនោះ លោកហាម៉ានចាកចេញទៅ ដោយមានចិត្តត្រេកអរសប្បាយ រកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។
10 លោកទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
11 លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
12 លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយព្រះរាជាទៀត។
13 ទោះបីមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាជនជាតិយូដា ប្រចាំការនៅមាត់ទ្វារវាំង»។