5 ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «ឲ្យលោកចូលមកចុះ!»។
6 លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។
7 លោកហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ
8 ត្រូវឲ្យគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។
9 សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា ឲ្យយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយឲ្យគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
10 ព្រះរាជាមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះ សុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយឲ្យគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ ឲ្យបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។
11 លោកហាម៉ានក៏យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយឲ្យលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុង ទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។