នាង​អេសធើរ 6:6-12 KHSV

6 លោក​ហាម៉ាន​ក៏​ចូល​មក ហើយ​ព្រះ‌រាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ?»។ លោក​ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​នោះ​ឡើយ!»។

7 លោក​ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស​នោះ

8 ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

9 សូម​ចាត់​មន្ត្រី​ម្នាក់​របស់​ព្រះ‌ករុណា ឲ្យ​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​បុរស​នោះ ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ​របស់​ព្រះ‌ករុណា រួច​ដង្ហែ​តាម​ផ្លូវ​ក្នុង​ទីក្រុង ទាំង​ស្រែក​ប្រកាស​នៅ​ពី​មុខ​គាត់​ថា ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។

10 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។

11 លោក​ហាម៉ាន​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។

12 បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។