នាង​អេសធើរ 7:1-6 KHSV

1 ព្រះ‌រាជា និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។

2 នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

3 ព្រះ‌នាង​អេសធើរ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង

4 ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំ‌បាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់​ខ្វាយ​ឡើយ»។

5 ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។

6 ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា និង​ព្រះ‌មហា‌ក្សត្រិ‌យានី។