2 នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។
3 ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង
4 ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យព្រះរាជាខ្វល់ខ្វាយឡើយ»។
5 ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។
6 ព្រះនាងអេសធើរទូលស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។
7 ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។
8 ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។