1 នៅថ្ងៃដដែលនោះ ព្រះចៅអហាស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចាមិត្តរបស់ជនជាតិយូដា ទៅឲ្យព្រះមហាក្សត្រិយានីអេសធើរ។ ព្រះនាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេកាយត្រូវជាសាច់ញាតិរបស់ព្រះនាង ដូច្នេះ លោកម៉ាដេកាយក៏ចូលមកគាល់ស្ដេច។
2 ពេលនោះ ព្រះរាជាយកត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។
3 ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។
4 ព្រះរាជាហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះភ័ក្ត្រស្ដេច។
5 ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។