11 ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
12 ពួកគេត្រូវអនុវត្តរាជសារនេះ តាមអាណាខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហាស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។
13 អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។
14 អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសរាជសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។
15 លោកម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។
16 ជនជាតិយូដាពោរពេញដោយអំណរសប្បាយរីករាយឥតឧបមា ហើយនាំគ្នាស្រែកហ៊ោដោយជ័យជំនះ។
17 នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។