9 នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជសារ តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ ផ្ញើទៅជនជាតិយូដា ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់មួយរយម្ភៃប្រាំពីរអាណាខេត្ត។ រាជសារទាំងនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជនជាតិយូដាក៏បានទទួលរាជសារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។
10 គេបានសរសេររាជសារក្នុងនាមព្រះចៅអហាស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។
11 ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
12 ពួកគេត្រូវអនុវត្តរាជសារនេះ តាមអាណាខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហាស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។
13 អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។
14 អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសរាជសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។
15 លោកម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។