19 ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
20 លោកម៉ាដេកាយសរសេរលិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស គឺទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ
21 បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ
22 ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។
23 ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក
24 ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។
25 ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។