21 បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ
22 ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។
23 ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក
24 ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។
25 ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
26 ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។
27 ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។