នាង​អេសធើរ 9:24-30 KHSV

24 ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​រៀប‌ចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។

25 ប៉ុន្តែ នៅ​ពេល​ព្រះ‌នាង​អេសធើរ​ចូល​គាល់​ព្រះ‌រាជា នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។

26 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន‌ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំឭក​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេ‌កាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ដែរ។

27 ជន‌ជាតិ​យូដា​យក​ព្រឹត្តិ‌ការណ៍​នោះ​ធ្វើ​ជា​បុណ្យ​ប្រពៃ‌ណី ដែល​ពួក​គេ ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​ចូល​សាសន៍​យូដា ត្រូវ​តែ​នាំ​គ្នា​ប្រារព្ធ​ឥត​ប្រែ‌ប្រួល​បាន​ឡើយ គឺ​រៀង​រាល់​ឆ្នាំ គេ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នោះ តាម​ពេល​កំណត់ និង​តាម​របៀប​ដែល​លោក​ម៉ាដេ‌កាយ​បាន​បង្គាប់។

28 ពួក​គេ​នាំ​គ្នា​រំឭក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន‌ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ ដោយ​ខាន​មិន​បាន ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ ចង​ចាំ​ពី​ព្រឹត្តិ‌ការណ៍​នោះ​ជា‌និច្ច។

29 ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។

30 គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។